មូលនិធិហាប់ស្វែល

អន្តេវាសិកដ្ឋាននិងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ

សម្រាប់និសិ្សតនារីសាកលវិទ្យាល័យ

 

យើងជានរណា៖ មូលនិធិហាប់ស្វែល ជាអង្គការលើកលែងពន្ធមួយ មានមូលដ្ឋាននៅអាមេរិក ដែលមានបេសកកម្ម   ផ្តល់នូវការអប់រំ  កន្លែងស្នាក់នៅ និងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់ស្ត្រីវ័យក្មេងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ នៅខែឧសភាឆ្នាំ ២០០៧ យើងបានក្លាយជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីក្រោមច្បាប់នៃប្រទេស        កម្ពជា។ នៅខែឧសភា ឆ្នាំ ២០០៨ រដ្ឋាភិបាលកម្ពុជាបានផ្តល់រង្វាន់មេដាយមាសជូនដល់មូលនិធិហាប់ស្វែល ជាការលើកទឹកចិត្តចំពោះសកម្មភាពមនុស្សធម៌ដែលយើងបានធ្វើក្នុងប្រទេសកម្ពុជា។ មេដាយនេះត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល ផ្តល់ជូនដោយផ្ទាល់ចំពោះស្ថាបនិកមូលនិធិហាប់ស្វែល លោកបណ្ឌិត អាឡិន ឡៃមែន។

“Without Harpswell, I would have never been able to go to university and get a job and do what I want to do – as is the case today.”

– Harpswell Alumna

បេសកកម្មរបស់យើង៖  យើងមានបេសកកម្ម លើកកំពស់ស្ត្រីអ្នកដឹកនាំវ័យក្មេង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់​​នូវការអប់រំ បណ្តុះបណ្តាល និង​ការកសាងបណ្តាញជួយជ្រោមជ្រែងគ្នា។ យើងមើលឃើញថា ស្រ្តីអ្នកដឹកនាំជំនាន់ថ្មី​នឹង​បង្កើត ព្រមទាំងបំផុសគំនិតឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គម។ យើងជឿជាក់ថា សហគមន៍មួយដែលពោរពេញ ទៅដោយស្ត្រីប្រកបដោយការអប់រំ បង្កើតបានជាកម្លាំងដ៏រឹងមាំបំផុតដើម្បីនាំមកនូវភាពចម្រើនរុងរឿងដល់សង្គម និងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ និង​ហួសពីនោះទៅទៀត ។ ការអប់រំ និង ភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យ ខ្ពស់ នាំមកនូវក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់ថ្ងៃអនាគត។ ជាអកុសល ស្ត្រីនៅក្នុងប្រទេសកម្ពុជា រងនូវគុណវិបត្តិមួយ បើធៀបទៅនឹងបុរស ដោយសារតែសាកលវិទ្យាល័យ មិនបានផ្តល់នូវលំនៅដ្ឋានសម្រាប់និស្សិតស្នាក់នៅ។ កង្វះលំនៅដ្ឋាននេះ  មិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់និស្សិតប្រុស ដែលអាចរស់នៅក្នុងវត្តព្រះពុទ្ធសាសនា ដោយពុំបាច់បង់ប្រាក់ ឬ អាចជួលផ្ទះនៅដោយសុវត្ថិភាពនោះទេ។ ផ្ទុយទៅវិញ និស្សិតស្រីមិនអាចរកកន្លែងស្នាក់នៅ ដោយងាយស្រួលឡើយ។ ដូច្នេះ ដោយសារកង្វះកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ខណៈដែលពួកគេ កំពុងសិក្សានៅសាកលវិទ្យាល័យ ស្ត្រីវ័យក្មេងភាគច្រើននៅក្នុងប្រទេសកម្ពុជា ត្រូវបានរារាំងពីការទទួលបានការអប់រំ កម្រិតឧត្តមសិក្សា។

អ្វីដែលយើងធ្វើ៖ មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សវិទ្យាល័យជាស្ត្រីរៀនពូកែ និងជោគជ័យ ដែលបានបង្ហាញភាពជាអ្នកដឹកនាំ ព្រមទាំងទស្សនៈវិស័យសម្រាប់អនាគតរបស់ពួកគេ។ មូលនិធិហាប់ស្វែល ផ្ដល់កន្លែងស្នាក់នៅ បន្ទប់គេង និង ការអប់រំបន្ថែមដល់សិស្សទាំងនេះនៅក្នុងអន្តេវាសិកដ្ឋានទំនើបទាំងពីររបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ ពួកគេអាចចូលរៀនក្នុងសាកលវិទ្យាល័យណាមួយ នៅរាជធានីភ្នំពេញ និងស្នាក់នៅដោយសុវត្ថិភាពក្នុងអន្តេវាសិកដ្ឋានរបស់យើងសម្រាប់រយៈពេលបួនឆ្នាំ ហើយទទួលបានដោយឥតគិតថ្លៃនូវម្ហូបអាហារ អ៊ិនធឺណិត និងឱកាសដើម្បីជួបភ្ញៀវកិត្តិយស និងវាគ្មិនជាតិ និងអន្តរជាតិជាច្រើន។ មូលនិធិហាប់ស្វែល ផ្តល់នូវការអប់រំសំខាន់ៗបន្ថែមទៀតដូចជា ភាសាអង់គ្លេស កុំព្យូទ័រ ជំនាញការត្រិះរិះពិចារណា និងការបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ សម្រាប់ស្ត្រីវ័យក្មេងដែលត្រូវបានជ្រើសរើសមកកាន់កម្មវិធីរបស់យើង។ សិស្សដែលជ្រើសរើសដោយ មូលនិធិហាប់ស្វែល ត្រូវសិក្សាក្នុងសាកលវិទ្យាល័យណាមួយតែមួយគត់ និងត្រូវធ្វើការប្តេជ្ញាជាលាយលក្សណ៍អក្សរ ថាខ្លួននឹងរស់នៅក្នុងអន្តេវាសិកដ្ឋានសម្រាប់រយៈពេលបួន ឆ្នាំពេញលេញ រហូតដល់ពេលពួកគេបានទទួលសញ្ញាប័ត្រ។

អន្តេវាសិកដ្ឋាន៖ អន្តេវាសិកដ្ឋានទំនើបទាំងពីររបស់យើង មានទីតាំងក្បែរសាកលវិទ្យាល័យធំៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។ និស្សិតរស់នៅក្នុងបន្ទប់មានផាសុកភាព ដែលមានគ្រែ តុរៀន និង ទូខោអាវ។ ក្នុងអន្តេវាសិកដ្ឋាន មានបន្ទប់ កុំព្យូទ័រ និងបណ្ណាល័យមួយ។ ចុងភៅរបស់មូលនិធិហាប់ស្វែល ចម្អិនអាហារថ្ងៃត្រង់សម្រាប់និស្សិត រីឯអាហារពេល ព្រឹក និងពេលល្ងាច និស្សិតត្រូវចម្អិនរួមគ្នា។ និស្សិតត្រូវធ្វើការរួមគ្នា ក្នុងការរៀបចំកន្លែងស្នាក់នៅ រួមមានការលាង សំអាត និងសកម្មភាពផ្សេងៗ។ មូលនិធិហាប់ស្វែល មានសន្តិសុខធ្វើការពេញម៉ោងដើម្បីយាមកាម និងរក្សាសុវត្ថិ    ភាព។ បុគ្គលិកជាស្ត្រីទាំងអស់ រួមទាំងអ្នកតំណាងភាពជាអ្នកដឹកនាំជាស្ត្រីបរទេសវ័យក្មេង ដែលមកស្នាក់នៅក្នុង អន្តេវាសិកដ្ឋាន និង ជួយបង្រៀននិស្សិតរបស់យើង។

កម្មវិធីសិក្សាក្នុងអន្តេវាសិកដ្ឋាន៖ ដូចដែលបានពោលខ្លះៗពីខាងលើរួចមកហើយ​ យើងផ្តល់កម្មវិធីសិក្សាក្នុងអន្តេវាសិកដ្ឋានរួមមាន ថា្នក់ភាសាអង់គ្លេស ភាសាបារាំង កុំព្យូទ័រ ការពិភាក្សាឬជជែកដេញដោល ជំនាញការងារ ការត្រិះរិះពិចារណា ព្រមទាំងការ សរសេរវិភាគ។ និស្សិតទទួលបានព័ត៌មានយ៉ាងច្បាស់អំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងចូលរួមក្នុងសកម្មភាពវប្បធម៍ជាច្រើន។ មូលនិធិហាប់ ស្វែលផ្តល់ជូនដល់និស្សិតនូវថ្នាក់រៀនតន្រ្តីដូចជា ព្យាណូ ហ្គីតា និង  វិយូឡុង ហើយនិស្សិតក៏បានរួមគ្នាបង្កើតជាក្លឹប តន្រ្តី ក្លឹបរៀនភាសាអង់គ្លេស ក្លឹបអានសៀវភៅនិងក្លឹបកីឡា ។ល។

ការបន្តការសិក្សានៅសហរដ្ឋអាមេរិករបស់និស្សិតហាប់ស្វែល៖ និស្សិតពូកែបំផុតរបស់យើង ដែលចេះភាសាអង់គ្លេស ជ្រៅជ្រះ និងមានប្រវតិ្តជាអ្នកដឹកនាំល្អ នៅក្នុងអន្តេវាសិកដ្ខាន មានឱកាសបន្តការសិក្សា នៅសហរដ្ឋអាមេរិក រយៈ ពេលមួយឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅកម្ពុជា។

អតីតនិស្សិត៖ និស្សិតរបស់យើងទទួលបានការគាំទ្រ ដោយពួកគេទទួលបានការណែនាំ និងជំនួយជាទៀងទាត់ពីអតីតនិស្សិតមូលនិធិហាប់ស្វែល។ និស្សិតបញ្ចប់ការសិក្សានៅតែមានទំនាក់ទំនងគ្នា តាមរយៈសមាគមអតីតនិស្សិតនៃមូលនិធិហាប់ស្វែល។ សូមចូលទស្សនាទំព័រហ្វេសប៊ុកអតីតនិស្សិតរបស់យើងដោយ ចុចនៅលើតំណនេះ។​   មូលនិធិហាប់ស្វែល បន្តគាំទ្រដល់និស្សិតបញ្ចប់ការសិក្សា តាមរយៈការបង្កើតកម្មវិធី និងឱកាស បណ្តាញទំនាក់ទំនងសង្គមបន្ទាប់ពីពួកគេបញ្ចប់ការសិក្សា។  យើងក៏បន្តផ្តល់កន្លែងស្នាក់នៅសម្រាប់និស្សិត រយៈពេលមួយឆ្នាំ ក្រោយពីពួកគេបានបញ្ចប់ការសិក្សា។

សមិទ្ធផលរបស់យើង៖ គិតត្រឹមខែកក្កដាឆ្នាំ 2023 យើងមាននិស្សិតបញ្ចប់ការសិក្សា ចំនួន 235នាក់ ចាប់ផ្តើម ជាមួយថ្នាក់នៃឆ្នាំ ២០១០។ និស្សិតបញ្ចប់ការសិក្សារបស់យើង បានធ្វើការជាមេធាវី នៅក្នុងក្រុមហ៊ុនច្បាប់ អ្នកគ្រប់ គ្រងគម្រោងនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល អ្នកកាសែត អ្នកគ្រប់គ្រងហិរញ្ញវត្ថុ បុគ្គលិកនៅក្នុងក្រសួងរដ្ឋាភិបាល គ្រូបង្រៀន និងជាសហគ្រិន។ និស្សិតបញ្ចប់ការសិក្សារបស់យើងចំនួន 101នាក់ បានទទួលអាហារូបករណ៍សម្រាប់ ការសិក្សាថ្នាក់អនុបណ្ឌិត​ និង​បណ្ឌិតនៅក្រៅប្រទេស រួមមានសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងសាកលវិទ្យា ល័យជាច្រើនទៀត។ បច្ចុប្បន្ននេះ យើងមាននិស្សិតនារីឆ្នើមចំនួន ៧៥នាក់ ដែលមកពីបណ្តាខេត្តនានា ហើយកំពុងសិក្សាក្នុង សាកលវិទ្យាល័យមួយចំនួនក្នុង រាជធានីភ្នំពេញ។